ការប្រកួតវគ្គជម្រុះ Champions League នៅថ្ងៃអង្គាររវាង AEK Athens និង Dinamo Zagreb ត្រូវបានពន្យារពេល បន្ទាប់ពីអ្នកគាំទ្រម្នាក់ត្រូវបានចាក់សម្លាប់ នៅក្នុងរដ្ឋធានីរបស់ក្រិក។
អ្នកគាំទ្រជនជាតិក្រិចអាយុ២៩ឆ្នាំបានស្លាប់ នៅក្នុងជម្លោះរវាងអ្នកគាំទ្រគូប្រជែងទាំងពីរ នៅខាងក្រៅកីឡដ្ឋាន Agia Sophia របស់ AEK នៅជាយក្រុងភាគខាងជើង នៃទីក្រុង Athens កាលពីល្ងាចថ្ងៃចន្ទ។
ប៉ូលិសបាននិយាយថា មនុស្ស៨នាក់ផ្សេងទៀតបានរងរបួស និង ៩៨នាក់ត្រូវបានចាប់ខ្លួន។
UEFA បានដាក់បំរាម ហាមឃាត់អ្នកគាំទ្រចូលទស្សនាការប្រកួតទាំងពីរជើងក្នុងវគ្គជម្រុះជុំទី៣ ដើម្បីធានាពីសុវត្ថិភាព។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បាននិយាយថា បញ្ហាដែលកើតឡើងមានន័យថា ការប្រកួតត្រូវតែពន្យារពេល ដោយការសម្រេចចិត្តបន្ទាប់ទៀត ត្រូវតែមានការពិគ្រោះយោបល់ជាមួយអាជ្ញាធរក្នុងតំបន់ជាមុនសិន៕