Lionel Messi និង Sergio Busquets ប្រហែលជាមិនចាប់ផ្តើមការប្រកួតដំបូងនៅថ្ងៃសុក្រទេ ប៉ុន្តែពួកគេទំនងជានឹងបានចូលលេងក្នុងការប្រកួត Leagues Cup របស់ Inter Miami និង Cruz Azul នេះបើយោងតាមគ្រូបង្វឹក Tata Martino ដែលបានប្រាប់ ESPN Fútbol 12 របស់អាហ្សង់ទីនកាលពីថ្ងៃពុធ។
ទាំង Messi និង Busquets បានបញ្ចប់វគ្គហ្វឹកហាត់ដំបូងរបស់ពួកគេជាមួយក្លឹប MLS កាលពីថ្ងៃអង្គារ ប៉ុន្តែថ្ងៃពុធគឺជាលើកទីមួយហើយដែលលោក Martino បាននិយាយជាផ្លូវការ ទាក់ទងនឹងកាយសម្បទារបស់ពួកគេ សម្រាប់ការប្រកួតជាមួយ Cruz Azul ដែលជាក្លឹបមួយដែលមានការប្រកួតប្រជែងខ្លាំងក្នុង Liga MX ។
កាលពីបីថ្ងៃមុន Messi ដែលជាម្ចាស់ជើងឯក World Cup និងកីឡាករដែលឈ្នះពាន Ballon d'Or ប្រាំពីរសម័យបានចុះកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ ដែលក្លឹបត្រូវផ្តល់ប្រាក់ឈ្នួលឱ្យគាត់ចន្លោះពី៥០ទៅ៦០លានដុល្លារក្នុងមួយឆ្នាំ។
លោក Martino បាននិយាយថា ទោះបីជាគេគ្រប់គ្នាអបអរសាទរសម្រាប់វត្តមានរបស់ Messi ប៉ុន្តែគាត់គិតថាប្រធានក្រុមអាហ្សង់ទីនមិនលេងនៅ Miami ដោយងាយស្រួលនោះទេ ហើយគាត់ក៏នៅតែជាគូប្រជែងដ៏កាចសាហាវមួយរូបផងដែរ៕