កីឡាករអន្តរជាតិអ៊ុយក្រែន អេនឌ្រី យ៉ាម៉ូលេនកូ (Andriy Yarmolenko) នឹងខកខានការប្រកួត Premier League របស់ West Ham នៅទឹកដី Liverpool នៅថ្ងៃសៅរ៍នេះ។
ខ្សែប្រយុទ្ធរូបនេះ ត្រូវបានផ្តល់ពេលសម្រាកកាលពីសប្តាហ៍មុន បន្ទាប់ពីរុស្ស៊ីបានលុកលុយប្រទេសកំណើតរបស់ខ្លួន ហើយមិនបានត្រៀមខ្លួនក្នុងការវិលទៅកាន់ទីលានវិញ នៅចុងសប្តាហ៍នេះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត អ្នកចាត់ការទូទៅលោក ដេវីត ម៉យ បាននិយាយថា “រូបគេបានហ្វឹកហាត់ ប៉ុន្តែគេនឹងមិនធ្វើដំណើរទៅ Liverpool ជាមួយយើងទេ”។
“ខ្ញុំគិតថាគាត់មិនទាន់បានត្រៀមខ្លួនរួចរាល់ទេ ហើយយើងចង់ផ្តល់ឱ្យគាត់នូវរាល់ឱកាស ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានសម្រាប់គ្រួសារ និងប្រទេសរបស់គាត់។ ខ្ញុំគិតថា គាត់មានអារម្មណ៍ស្រពេចស្រពិលបន្តិចជាមួយនឹងស្ថានភាពនាពេលបច្ចុប្បន្ននេះ”៕
ប្រភព៖ Daily Mail