Manchester United កំពុងតែឈានទៅដល់ការចុះហត្ថលេខាលើអ្នកចាំទី Andre Onana របស់ Inter Milan ក្នុងតម្លៃជិត៥០លានផោន។
កីឡាករសញ្ជាតិកាមេរូន វ័យ២៧ឆ្នាំរូបនេះ នឹងត្រូវជំនួសតំណែងអាវលេខមួយ ដែលត្រូវបានពាក់ដោយ David de Gea អស់រយៈពេល១២រដូវកាល បន្ទាប់ពីគាត់បានសម្រេចចិត្តចាកចេញពីក្លឹប កាលពីខែមុន។
ក្រោយពេលជំនួបរវាងអ្នកតំណាងរបស់ United និង Onana កាលពីថ្ងៃអាទិត្យ គេយល់ឃើញថា កិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រមសម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងជម្រើស១ឆ្នាំបន្ថែមទៀត។
លោក Erik ten Hag ស្គាល់ Onana យ៉ាងច្បាស់ ចាប់តាំងពីពេលដែលពួកគេចាប់ដៃគ្នានៅ Ajax ហើយគាត់ជឿជាក់ថា គាត់អាចផ្តល់ឱ្យ United នូវជម្រើសអ្នកចាំទីដែលគាត់ចង់បាន ចាប់តាំងពីគាត់បានមកដល់ក្លឹប ត្រឹមតែរយៈពេលជាងមួយឆ្នាំនេះ។
សូមបញ្ជាក់ថា Onana បានចំណាយពេល៧ឆ្នាំកន្លះ នៅជាមួយ Ajax មុនពេលផ្លាស់ទៅ Inter ក្នុងខែកក្កដា ឆ្នាំ២០២២៕