តាមគោលការណ៍របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញឲ្យរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី ២១-២៧ ខែមីនា ឆ្នាំ២០២២ ឲ្យបានល្អ និងប្រកបដោយកិត្តិយសជាតិ សេចក្តីថ្លៃថ្នូ ក្នុងឋានៈជាម្ចាស់ផ្ទះ ជាលើកដំបូងនេះ។ នេះបើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
ដោយសារពេលវេលាកាន់តែកៀកនឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងនោះ គឺបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានស្នើ និងប្រគល់សិទ្ធិជូនកម្ពុជា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកកីឡាការ៉ាតេនេះដើម្បីបង្កើនបាននូវគុណភាពបច្ចេកទេសការ៉ាតេ សម្រាប់អត្តពលិកការ៉ាតេ ក្នុងអាស៊ីអាគ្នេយ៍ត្រៀមចូលរួមប្រកួតស៊ីហ្គេម២០២២នេះផង ខណៈគោលដៅរបស់កម្ពុជា គឺជាឱកាសល្អបំផុតសម្រាប់បង្កើនគុណភាព បច្ចេកទេសអត្តពលិកការ៉ាតេកម្ពុជា ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះបន្តវេនស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងផងដែរ៕