Dwayne Johnson ដែលប្រិយមិត្តកីឡាកាសស្គាល់ថាជា The Rock អាចជាតារាសម្តែងហូលីវូដបន្ទាប់ពី Ryan Reynolds ដើម្បីចូលរួមជាមួយក្រុមអង់គ្លេសនៅលីកទាប ចំពេលដំណើរការស្វែងរកម្ចាស់ក្លិបថ្មីដែលកំពុងកើតមានលើក្រុម Southend United។
ក្រុមដែលកំពុងលេងនៅ National League ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងការពិភាក្សាលើការកាន់កាប់ដោយក្រុមពាណិជ្ជករក្នុងស្រុក ហើយម្ចាស់ក្លិបថ្មីបានទាក់ទងជាមួយក្រុមហ៊ុនផលិតកម្មរបស់ The Rock គឺផលិតកម្ម Seven Bucks Productions ជុំវិញការបង្កើតរឿងភាគឯកសារអំពីក្លិប Southend United។
អតីតអ្នកកីឡាកាសរូបនេះ នឹងក្លាយជាបុគ្គលមានមុខមាត់ដ៏ល្បីចុងក្រោយបំផុតដែលបានចូលរួមជាមួយនឹងក្រុម National League។ គួររំលឹកផងដែរថា តារាសម្ដែង Ryan Reynolds និង Rob McElhenney បានជួយ Wrexham ឡើងមកលេងនៅ League Two ក្នុងរដូវកាលនេះ ហើយមានភាពយន្តឯកសារដ៏ជោគជ័យមួយដែលធ្វើឡើងអំពីការអភិវឌ្ឍន៍របស់ក្លិបចាប់តាំងពីការកាន់កាប់របស់ពួកគេក្នុងខែកញ្ញា ឆ្នាំ២០២០៕