ខ្សែប្រយុទ្ធ Vinicius Junior ជឿជាក់ថាការរើសអើងជាតិសាសន៍គឺជារឿងធម្មតានៅក្នុង La Liga បន្ទាប់ពីការវាយប្រហារចុងក្រោយលើតារា Real Madrid បានកើតឡើងអំឡុងពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Valencia។
ការប្រកួតនៅកីឡដ្ឋាន Mestalla ត្រូវបានផ្អាកអស់រយៈពេលជាច្រើននាទី នៅពេលដែល Vinicius បានចង្អុលបង្ហាញចំៗ ទៅអ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលបំពានរើសអើងជាតិសាសន៍ទៅលើគាត់។ កីឡាករសញ្ជាតិប្រេស៊ីល ក្រោយមកត្រូវបានបណ្តេញចេញ បន្ទាប់ពីគាត់បានប៉ះទង្គិចទៅលើ Hugo Duro របស់ Valencia ហើយបានធ្វើការបញ្ចេញកំហឹងនឹងការអន់ចិត្តនៅលើបណ្តាញសង្គម ដើម្បីជជែកវែកញែកថាអេស្ប៉ាញ កំពុងបង្កើតកេរ្តិ៍ឈ្មោះជាប្រទេសល្បីខាងរើសអើងពូជសាសន៍ បន្ទាប់ពីមានការវាយប្រហារម្តងហើយម្តងទៀតលើរូបគេ។
Vini Jr បានសរសេរនៅក្នុងសារបង្ហោះលើ Twitter ថា "វាមិនមែនជាលើកទីមួយ ឬលើកទីពីរ ឬទីបីនោះទេ។ ការរើសអើងជាតិសាសន៍គឺជារឿងធម្មតានៅក្នុង La Liga។ អ្នកដែលចូលប្រកួតគិតថាវាជារឿងធម្មតា សហព័ន្ធបាល់ទាត់អេស្ប៉ាញ ក៏គិតបែបនេះដែរ ហើយនេះបានលើកទឹកចិត្តអ្នកគាំទ្រឲ្យបន្តធ្វើរឿងនេះទៀត។ ខ្ញុំពិតជាសុំទោស តែជើងឯកដែលធ្លាប់ជារបស់ Ronaldinho, Ronaldo, Cristiano Ronaldo និង Lionel Messi សព្វថ្ងៃជាកម្មសិទ្ធិរបស់អ្នករើសអើងជាតិសាសន៍។ ខ្ញុំសុំទោសចំពោះជនជាតិអេស្បាញដែលមិនយល់ស្រប ប៉ុន្តែសព្វថ្ងៃនេះនៅប្រទេសប្រេស៊ីល អេស្ប៉ាញត្រូវបានស្គាល់ថា ជាប្រទេសដែលសំបូរដោយការរើសអើងពូជសាសន៍"៕