កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត នឹងអវត្តមាន ពីព្រឹត្តិការណ៍ប្រកួតរង្វាន់ កម្រិតពិភពលោក Jet Ski World Cup and World Series 2021-2022 (ជុំទី៣) នៅប្រទេសថៃ ដោយសារតែគេ មានរបួសប្រេះឆ្អឹងខ្នង ដែលតម្រូវឲ្យធ្វើការវះកាត់ ជាបន្ទាន់ ។
កីឡាកររូបនេះ បញ្ជាក់ថា រូបគេ ពុំបានដឹងមុនថា មានរបួសបែបនេះឡើយ ។ ដោយមានអាការៈឈឺចាប់ ពីមួយថ្ងៃ ទៅមួយថ្ងៃ គេក៏ទៅពិនិត្យ ទើបដឹងថា ប្រេះឆ្អឹងខ្នង ហើយលោកវេជ្ជបណ្ឌិត បានប្រាប់ឲ្យផ្អាកសកម្មភាពហ្វឹកហាត់ និងការប្រកួត ហើយត្រូវធ្វើការវះកាត់ ជាបន្ទាន់ទៀតផង ។
អ៊ូមើត បញ្ជាក់ថា របួសនេះ អាចកើតឡើង អំឡុងពេលប៉ះទង្គិច ក្នុងការហ្វឹកហាត់ ប្រមាណជា ១ខែមុន តែខ្លួនមិនចាប់អារម្មណ៍ ឡើយ។
ដោសាររបួសដែលមិនអាចអោយធ្វើការប្រកួតបាន សូម្បីតែការហ្វឹកហាត់ផងដែរ បានធ្វើឲ្យម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះ មានការសោកស្ដាយ ជាខ្លាំង ព្រោះខ្លួនបានខិតខំប្រឹងប្រែង ហ្វឹកហាត់ជាយូរមកហើយ ដើម្បីត្រៀម ការប្រកួត ពិភពលោកនេះ ក្នុងគោលបំណង ដណ្ដើមលទ្ធផលល្អ និងកិត្តិយសជូន ជាតិ តែបែរជាត្រូវខកខានទៅវិញ ខណៈការប្រកួត ក៏ហៀបនឹងចាប់ផ្ដើមផងដែរ។
យ៉ាងណាក្ដី ពេលនេះ សាលី អ៊ូមើត បានស្នើពន្យារពេល ការវះកាត់សិន ដើម្បីដឹកនាំកីឡាករ ម៉ូតូទឹកជម្រើសជាតិកម្ពុជា បួន រូបទៀត ចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ពិភពលោក ខាងលើ រួមមាន កីឡាករ ម៉ីន មូស្ដាន, កៃវ៉ាន់ ស៊ីដែន, សាលី ហ្វីលីន និង ម៉ីន អូស្មាន ។ បន្ទាប់មក ទើបរូបគេ កំណត់ពេលវេលា ធ្វើការវះកាត់ ដែលអាចនឹងធ្វើឡើង នាចុងខែមករានេះ ។
សម្រាប់ព្រឹត្តិការណ៍ Jet Ski World Cup and World Series 2021-2022 គឺបែងចែកការប្រកួតជា ៣ ជុំ ដោយជុំទី១ ប្រកួតនៅប្រទេសប៉ូឡូញ និងជុំទី២ ប្រកួតនៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២១ តែកីឡាករកម្ពុជា រួមទាំង សាលី អ៊ូមើត ពុំបានចូលរួមនោះទេ ដោយសារវិបត្តិកូវីដ-១៩ ។
ចំពោះការប្រកួតជុំទី៣ នៅថៃ ក្នុងសប្ដាហ៍នេះ គឺមានកីឡាករកម្ពុជា បួនរូប ចូលរួម លើកលែងតែ អ៊ូមើត ប៉ុណ្ណោះ ដែលអវត្តមាន៕