រុស្ស៊ី​ត្រូវបាន​ដកហូត​សិទ្ធិ​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League និង​ការប្រណាំង​រថយន្ត Grand Prix

កីឡា​អន្តរជាតិ​បានចាប់ផ្តើម​បែរខ្នង​ដាក់​រុស្ស៊ី​ជុំវិញ​ការ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ចូល​អ៊ុយ​ក្រែន​ដោយ​ព្រឹត្តិការណ៍​កីឡាដ៏​មាន​កិត្យានុភាព​ចំនួន​ពីរ​​ត្រូវបាន​ដកហូត​ពី​ប្រទេស​នេះ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​កុម្ភៈ​។​

​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នៅ​ខែ​ឧសភា​ត្រូវបាន​ផ្លាស់​ចេញ​ពី​ទីក្រុង​ធំ​ទី​ពីរ​របស់​រុស្ស៊ី​គឺ​សេន​ភី​ត​ធឺ​ស្បឺក (St Petersburg) ទៅ​ទីក្រុង​ប៉ារីស​ខណៈ​ស្ថាប័ន​គ្រប់គ្រង​កីឡា​​ប្រណាំង​យានយន្ត​ពិភពលោក FIA បានប្រកាសថា ការប្រណាំង​រថយន្ត Formula One Russian Grand Prix ខែកញ្ញា​ត្រូវបាន​លុបចោល​។​

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ​រដ្ឋាភិបាល​អង់គ្លេស ដោយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​លោកស្រី ណា​ឌី​ន ដ័ររី​ស​(Nadine Dorries) បាន​និយាយថា “​សារ​របស់​យើង​គឺ​ច្បាស់​ណាស់ ៖​រុស្ស៊ី​មិន​​អាច​ធ្វើឱ្យ​ស្រប​ច្បាប់​នូវ​ការវាយប្រហារ​ដ៏​ឃោរឃៅ និង​ព្រៃផ្សៃ​របស់​ពួក​គេ​លើ​អ៊ុយ​ក្រែន​ដោយ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​និង​វប្បធម៌​អន្តរជាតិ​នោះ​ទេ​”​។​

​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ក៏​បាន​អំពាវនាវ​ឱ្យ​សហព័ន្ធ​កីឡា​ពិភពលោក​លុបចោល​ឬ​ផ្លាស់​ប្តូរ​ទីតាំង​ព្រឹត្តិការណ៍​នា​ពេលអនាគត​ដែល​ពួកគេ​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ប្រទេស​រុស្ស៊ី​ឬ​បេឡា​រូ​ស​​ផងដែរ​។​

​ក្រុម​បិសាច​ក្រហម Manchester United​បានបញ្ចប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​រុស្ស៊ី Aeroflot ខណៈ UEFA​ត្រូវបាន​គេ​ដឹង​ថា​កំពុង​ពិភាក្សា​​ជាមួយ​មេធាវី​របស់​ខ្លួន​អំពី​របៀប​ដែល​ខ្លួន​អាច​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​ថាមពល​រុស្ស៊ី Gazprom ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​ក្របខ័ណ្ឌ Champions League ។​

UEFA ត្រូវ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ការប្រកួត​ដ៏​មាន​កិត្យានុភាព​របស់​ខ្លួន​ពី​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក​ដែល​ជា​ទីក្រុង​កំណើត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន​បន្ទាប់ពី​​មានការ​លុកលុយ​យ៉ាង​ពេញទំហឹង​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ការផ្លាស់ប្តូរ​ទៅកាន់​កីឡដ្ឋាន Stade de France​ក្នុង​ទីក្រុង​ប៉ារីស​ត្រូវ​បាន​បញ្ជាក់​នៅ​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈ​​កម្មា​ធិ​ការប្រតិបត្តិ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​សេចក្តីថ្លែងការណ៍​របស់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុ​ប​នេះ​បាន​និយាយថា “UEFA សូម​ថ្លែងអំណរគុណ​និង​ដឹងគុណ​ចំពោះ​ប្រធានាធិបតី​បារាំង​អេម​ម៉ានុយ​អែល​ម៉ាក្រុង​សម្រាប់​ការគាំទ្រ​និង​ការប្តេជ្ញា​​ចិត្ត​ផ្ទាល់ខ្លួន​របស់​លោក​ដើម្បី​ឱ្យ​ការប្រកួត​ដ៏​មាន​កិត្យានុភាព​បំផុត​របស់​ក្លឹប​បាល់ទាត់​អឺរ៉ុប​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង​ក្នុងពេល​មាន​វិបត្តិ ដែល​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​បាន​នេះ​”៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង