កាលពីពេលថ្មីៗនេះ ក្លិបបិសាចក្រហម Manchester United បានធ្វើការចេញផ្សារពីលទ្ធផលនៃហិរញ្ញវត្ថុរបស់ខ្លួន ដោយឃើញថា បំណុលសរុបរបស់ក្លិបបានកើនឡើងរហូតទៅដល់ ៥៣៥.៧ លានផោន ប្រមាណ ៦៦០លានដុល្លារ ស្របពេលដែលដំណើរការស្វែងរកម្ចាស់ក្លិបថ្មីមានភាពអូសបន្លាយ។
តួលេខនៃបំណុលទាំងនោះកើនឡើងពី ៤៧៧.១លានផោន ជាមួយនឹងប្រាក់ចំណូលសរុបធ្លាក់ចុះ ១០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណូលពាណិជ្ជកម្មសម្រាប់ក្រុមយក្សនៅ Premier League បានកើនឡើង ២២.២% ដែលគិតជាទឹកប្រាក់ប្រមាណ ៩៨.៧ លានផោន។ ទោះជាទិន្នន័យភាគច្រើនធ្លាក់ដាំក្បាលចុះក៏ពិតមែន ប៉ុន្តែក្លិបនៅអាចរកបានប្រាក់ចំណេញប្រាក់ ៦.៣លានផោន គិតត្រឹមត្រីមាសមុន ដែលអាចធ្វើឲ្យប្រាក់ចំណូលសរុបមានការកើនឡើងពីចន្លោះ ៥៩០លាន រហូតដល់ ៦១០លានផោន សម្រាប់លទ្ធផលឆ្នាំក្រោយ។
ទោះជាយ៉ាងណាក្តី ក្លិបមួយនេះអាចនឹងរកបានម្ចាស់ថ្មីមុនការចេញលទ្ធផលឆ្នាំក្រោយ ដោយលោក Sir. Jim Ratcliffe ក៏ដូចជា Sheikh Jassim bin Hamad Al Thani កំពុងតែរៀបចំសំណើដែលមានតម្លៃ ៦ពាន់លានផោន ដាក់លើតុចរចារ ដើម្បីស្នងតំណែងរបស់គ្រួសារ Glazers៕