កីឡាករ Bruno Fernandes បានចេញមុខមកធ្វើការច្រានចោលនូវការលើកឡើងរបស់ Cristiano Ronaldo ដែលបាននិយាយថាការមកដល់របស់លោក Roberto Martinez ប្រៀបបានដូចជាការស្រូបយកខ្យល់អាកាសថ្មីមួយសម្រាប់ព័រទុយហ្កាល់។
លោក Martinez ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រោយការចាកចេញរបស់លោក Fernando Santos ក្រោយការប្រកួត World Cup យ៉ាងអាក់អន់ស្រពន់ចិត្តជាទីបំផុត។ ស្របពេលនេះដែរ Ronaldo ដែលមិនសូវបានលេងពីមុន ប្រែជាកីឡាករដ៏សំខាន់សម្រាប់គម្រោងរបស់លោក Martinez ហើយថែមទាំងចេញមុខសរសើរថា ការមកដល់របស់គ្រូថ្មី ជាជំពូកថ្មីសម្រាប់អ្នកគ្រប់គ្នា ដោយនេះជារឿងដ៏សុទិដ្ឋិនិយមមួយ។
យ៉ាងណាក្តី ខ្សែបម្រើរបស់ Manchester United បានបញ្ជាក់ថា បរិយាកាសរបស់ជំរុំហ្វឹកហាត់របស់ព័រទុយហ្កាល់ គឺល្អតាំងពីដើមមក ដោយបានលើកឡើងថា "វាមិនមានអ្វីប្លែកទេ គ្រាន់តែគ្រូថ្មីមានគំនិតថ្មីតែប៉ុណ្ណោះ។ បរិយាកាសនៅក្រុមជម្រើសជាតិគឺនៅតែល្អដូចដើម វាមិនដែលមានអ្វីដែលត្រូវបានប្រែប្រួលឡើយ"៕