ឥឡូវនេះ Novak Djokovic បានដឹងហើយថា រូបគេនឹងត្រូវជួបជាមួយ មិត្តរួមជាតិសែប៊ី Miomir Kek Manovic ក្នុងជុំទីមួយ នៃការប្រកួតការពារតំណែងជើងឯក Australian Open របស់គេ ប្រសិនបើតារាតេន្នីសរូបនេះ ត្រូវបានអនុញ្ញាតឱ្យលេង។
ស្ថានភាពទិដ្ឋាការរបស់ Djokovic បានគ្របដណ្តប់ការចាប់អារម្មណ៍រហូតដល់ពេលការចាប់ឆ្នោតផ្គូរផ្គង ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៣មករា ដើម្បីកំណត់គូប្រកួតសម្រាប់ការប្រកួតទោលផ្នែកបុរស និងស្ត្រី នៅក្នុងការកម្មវិធីកីឡាវាយតេន្នីសធំលើកទីមួយប្រចាំឆ្នាំ ២០២២ ។
តែទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីនៅតែកំពុងពិចារណាថា តើត្រូវនិរទេសខ្លួនម្ចាស់ជើងឯក Australian Openប្រាំបួនសម័យ និងជាអ្នកការពារតំណែងជើងឯកដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ រូបនេះដែរឬក៏អត់។ ដូច្នេះឌីចូកូវិកនៅតែស្ថិតក្នុងមន្ទិល។
Djokovic ដែលមានចំណាត់ថ្នាក់លេខ១ លើពិភពលោកផ្នែកតេន្នីស ត្រូវគេលុបចោលទិដ្ឋាការ នៅពេលមកដល់ទីក្រុងមែលប៊នកាលពីសប្តាហ៍មុន នៅពេលដែលការលើកលែងការចាក់វ៉ាក់សាំងរបស់គេត្រូវបានចោទជាមន្ទិល ប៉ុន្តែរូបគេបានឈ្នះការតស៊ូផ្លូវច្បាប់ផ្អែកលើមូលដ្ឋាននីតិវិធី ដែលអនុញ្ញាតឱ្យគេស្នាក់នៅក្នុងប្រទេសអូស្ត្រាលី។
រដ្ឋមន្ត្រីអន្តោប្រវេសន៍លោក Alex Hawke នៅតែពិចារណាលើសំណួរនេះ ចាប់តាំងពីចៅក្រមបានស្តារទិដ្ឋាការរបស់ Djokovic ឡើងវិញកាលពីថ្ងៃចន្ទ៕