ខ្សែប្រយុទ្ធ Eden Hazard បានចេញមុខសារភាព នឹងយល់ស្របអំពីការពិតដែលថា ទំនាក់ទំនងរបស់រូបគេជាមួយនឹងអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Carlo Ancelotti គឺបានឈានដល់ចំណុចពិបាកផ្សះផ្សារមួយទៅហើយ។
ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះហាក់ជួបប្រទះជាមួយនឹងបញ្ហាពាក់ព័ន្ធទៅនឹងទម្រង់លេងក៏ដូចជាកាយសម្បទាបន្ទាប់ពីចំណាយពេល4ឆ្នាំនៅកីឡដ្ឋាន Santiago Bernabeu។ ចាប់តាំងពី World Cup មក រូបគេមិនដែលបានបង្ហាញខ្លួន សូម្បីតែមួយនាទីសម្រាប់ Real Madrid ហើយថែមទាំងបានទទួលស្គាល់ថា ខ្លួនលែងមានការប្រាស្រ័យទាក់ទងជាមួយ Carlo Ancelotti ក្រោមមូលហេតុថា គ្រូរបស់គេបានបោះបង់គេចោលរួចជាស្រេច។
ថ្លែងទៅកាន់ RTBF Hazard បានបង្ហើបឲ្យដឹងថា "វាមានកម្រិតនៃការគោរពមួយរវាងយើងទាំងពីរ ប៉ុន្តែពេលនេះយើងមិនបាននិយាយរកគ្នាទៀតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែចង់បន្តលេងឲ្យក្លិបមួយនេះ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានលេងនៅថ្ងៃណាមួយ ហើយនិងទទួលបានពេលវេលាសម្រាប់ចូលលេងសមរម្យឡើងវិញ"៕