Villarreal មានទម្រង់លេងល្អនាពេលថ្មីៗនេះ ហើយជាពិសេសនៅផ្ទះខ្លួនឯង។ ពួកគេក៏ជាជើងឯក Europa League បច្ចុប្បន្នផងដែរ ដែលមានន័យថាពួកគេស៊ាំនឹងនឹងការប្រកួតជម្រុះបែបនេះរួចទៅហើយ។
លើសពីនេះទៅទៀត ពួកគេទើបតែបានទប់ស្មើ Real Madrid ក្នុងលទ្ធផល 0-0 ហើយបានកត់ត្រាជ័យជម្នះ ០-២ នៅទឹកដីរបស់ក្រុម Betis កាលពីសប្តាហ៍មុនៗទៀតផង។
ប្រាកដណាស់ ពួកគេគឺជាក្រុមដែលត្រូវគោរពក្នុងការប្រកួត CL នេះ។
ទន្ទឹមនឹងនេះដែរ អតីតជើងឯកអ៊ីតាលី Juventus មិនមានយុទ្ធនាការអស្ចារ្យទេក្នុងឆ្នាំ ២០២១-២២ ក្នុងក្របខ័ណ្ឌ Serie A។ ប៉ុន្តែពួកគេអាចឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូលនៃក្របខ័ណ្ឌ Champions League ។ ហើយអ្វីដែលអស្ចារ្យគឺពូលរបស់ពួកគេមានក្រុមការពារតំណែងជើងឯក Chelsea ផងដែរ។
ពិតណាស់ ការប្រកួតរវាងក្រុមទាំងពីរនៅកីឡដ្ឋាន Estadio de la Ceramica យប់នេះ ច្បាស់ជាល្អមើល មិនធុញដូចនៅក្របខ័ណ្ឌ Serie A នោះទេ។ ក្រុមទាំងពីរមិនដែលជួបគ្នាក្នុងការប្រកួតផ្លូវការទេ ប៉ុន្តែធ្លាប់ជួបគ្នាពីរដងក្នុងជំនួបមិត្តភាពកាលពីជាង១០ឆ្នាំមុន ដោយ Villarreal ឈ្នះទាំងពីរលើក។
តែទោះយ៉ាងណា Juventus មានប្រវត្តិល្អនៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយបានបំបាក់ក្រុមគ្រប់កម្រិតនៅវគ្គនេះ ដើម្បីឡើងទៅវគ្គបន្ត មិនថាពួកគេមានប្រវត្តិជួបគ្នាយ៉ាងណានោះទេ។ បើប្រៀបធៀបជាមួយ Villarreal ក្រុមសេះបង្កង់គេមានភាពចាស់ទុំជាងនៅវគ្គនេះក្នុងក្របខ័ណ្ឌ CL ដូច្នេះ Juventus មានលទ្ធភាពឈ្នះខ្ពស់ជាង ក្នុងលទ្ធផលព្យាករណ៍ ៣-១៕