ក្រុមបិសាចក្រហម Manchester United នឹងរំពឹងថា អាចកក់កៅអីរបស់ពួកគេក្នុងការឡើងទៅកាន់ជុំទី៤ នៃពានរង្វាន់ FA Cup នៅពេលដែលត្រូវប្រកួតជាមួយ Everton ក្នុងកីឡដ្ឋាន Old Trafford នៅយប់ថ្ងៃសុក្រ។
Man United បច្ចុប្បន្នកំពុងឈរនៅលេខ៤ក្នុងលីគ ដោយមានពិន្ទុស្មើគ្នាជាមួយនឹងក្រុម Newcastle ដែលកំពុងតែមានទម្រង់លេងល្អគួរឱ្យចាប់អារម្មណ៍ ដោយឥឡូវនេះពួកគេលេង ១២ប្រកួត មិនដែលចាញ់នោះទេ។ ពួកគេក៏មានគម្លាតពីក្រុមឈរលេខ៥ Spurs ២ពិន្ទុផងដែរ។
ការប្រកួតចុងក្រោយដែល Man Utd ប៉ះជាមួយ Everton ក្នុងលីគនោះ គឺកើតឡើងក្នុងខែតុលា ដែលពួកគេត្រូវលេងក្រៅដីជាមួយនឹងជ័យជម្នះ ២-១ ហើយពួកគេរំពឹងនឹងអាចធ្វើវាស្រដៀងគ្នាផងដែរ។ ការប្រកួតលើកនេះ ត្រូវលេងក្នុងទឹកដីរបស់ពួកគេ ជាមួយនឹងវត្តមានកីឡាករល្អៗ ជាច្រើនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការប្រកួតសម្រាប់បិសាចក្រហម។
Everton មិនទាន់ឈានដល់ការរំពឹងទុករបស់ខ្លួននៅឡើយទេ នៅរដូវកាលនេះ។ ពួកគេចូលមកក្នុងការប្រកួតនេះ ដោយប្រកួតចាញ់ Brighton ៤-១ នៅយប់ដែល United យកឈ្នះលើ Bournemouth។
Everton មិនទាន់ស្គាល់ការប្រកួតឈ្នះទាល់តែសោះក្នុង ៥ប្រកួតចុងក្រោយ រាប់ពីគ្រប់ការប្រកួតទាំងអស់ ហើយឈរនៅលេខរៀងទី១៦ ក្នុងក្របខ័ណ្ឌ English Premier League ដែលនៅពីលើតំបន់កាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ។
ការព្យាករណ៍ : FA Cup ជាគោលដៅចម្បងសម្រាប់ Manchester United នៅរដូវកាលនេះ។ ផ្ទុយទៅវិញ Everton ត្រូវការស្វែងរកវិធី ដើម្បីឆ្លងឱ្យផុតពីតំបន់កាត់ចោល មុនពេលដែលពួកគេត្រូវខ្វាយខ្វល់ពីពានរង្វាន់។
វានឹងមានការលំបាកខ្លាំងសម្រាប់ពួកគេ ក្នុងការដណ្តើមយកជ័យជម្នះក្នុងការប្រកួតនេះ ហើយពួកគេប្រហែលជាសង្ឃឹមទទួលបានត្រឹមការស្មើ គឺល្អបំផុតសម្រាប់ការប្រកួតនេះ។ ការទស្សន៍ទាយរវាង Manchester United និង Everton របស់យើងគឺក្រុមម្ចាស់ផ្ទះជាអ្នកឈ្នះ៕