គ្រូបង្វឹក Manchester City លោក Pep Guardiola បានបញ្ជាក់ថា Kalvin Phillips នឹងទទួលការវះកាត់របួសស្មា។
ខ្សែបម្រើ Manchester City និងអង់គ្លេសបានរងរបួសស្មា ក្នុងការប្រកួតមិត្តភាពជាមួយនិង Barcelona កាលពីខែសីហា។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានខកខានការប្រកួតដែលបញ្ចប់ដោយជ័យជម្នះ ៣-០ លើក្រុម Wolves ហើយក៏ត្រូវបានដកចេញពីការប្រកួត Nations League នាពេលខាងមុខរបស់អង់គ្លេសជាមួយនឹងក្រុមអ៊ីតាលី និងអាល្លឺម៉ង់ផងដែរ។
បច្ចុប្បន្ននេះលោក Guardiola បានបញ្ជាក់ថា កីឡាករPhillips នឹងត្រូវធ្វើការវះកាត់លើបញ្ហារបួស។
របួសរបស់ Phillips គឺជាការធ្លាក់ចុះថ្មីមួយសម្រាប់ខ្សែបម្រើរូបនេះ ដែលជាបញ្ហាសម្រាប់ពេលវេលាប្រកួត ចាប់តាំងពីការផ្ទេរក្នុងតម្លៃទឹកប្រាក់ដ៏ច្រើនមកកាន់ Man City ពីក្រុម Leeds នៅរដូវក្តៅ។ ការបញ្ចេញមតិរបស់លោក Guardiola បង្ហាញថាគាត់អាចនឹងជាសះស្បើយទាន់ពេល សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងខែវិច្ឆិកា ប៉ុន្តែមិនមានការធានាថា គាត់នឹងត្រៀមខ្លួនសម្រាប់ការប្រកួតនៅប្រទេសកាតានោះទេ៕