ខ្សែប្រយុទ្ធល្អបំផុតនៅក្នុងលីកនឹងត្រូវជួបជាមួយនឹងខ្សែការពារអន់បំផុតលំដាប់ទីពីរនៅក្នុងលីកអេស្ប៉ាញនៅថ្ងៃសៅរ៍នេះ នៅពេលដែល Barcelona ធ្វើដំណើរទៅកាន់កីឡដ្ឋាន Estadio Nuevo Mirandilla ដើម្បីប្រឈមមុខនឹងក្រុម Cadiz ក្នុងការប្រកួតជុំទី ៥ នៃ La Liga ។
វិធីមួយទៀតដើម្បីពណ៌នាអំពីការប្រកួតនេះគឺ ខ្សែការពារល្អបំផុតទីពីរនៅក្នុងលីកនឹងត្រូវប៉ះជាមួយខ្សែប្រយុទ្ធអន់បំផុតនៅក្នុងលីក។
ទោះពណ៌នាតាមវិធីណាក៏គេនៅតែមើលឃើញក្រុមអ្នកមានបុណ្យ Barcelona ទទួលបានបីពិន្ទុពីការប្រកួតនេះដែរ។
Barcelona បានចាប់ផ្តើមរដូវកាលនេះជាមួយនឹងលទ្ធផលស្មើដោយគ្មានគ្រាប់បាល់នៅផ្ទះខ្លួនឯងទល់នឹង Rayo Vallecano ប៉ុន្តែពួកគេបានបន្តអបអរជ័យជម្នះបីលើកលើក្រុម Real Sociedad, Real Valladolid និង Sevilla ដោយរកបាន ១១ គ្រាប់នៅក្នុងដំណើរការនេះ។
គ្រូបង្វឹកលោក Xavi ហាក់រកឃើញចំណុចខ្លាំងរបស់កីឡាករចំណូលថ្មីរបស់គាត់ ខណៈ Robert Lewandowski និង Raphinha កំពុងរីករាយនឹងពេលវេលារបស់ពួកគេនៅលើទីលាននៅដើមរដូវកាលនេះ។
ពួកគេទាំងពីរសុទ្ធតែជារកបានគ្រាប់បាល់ក្នុងលទ្ធផល ០-៣ លើក្រុម Sevilla កាលពីប្រាំពីរថ្ងៃមុននៅឯកីឡដ្ឋាន Estadio Ramon Sanchez Pizjuan ។
ខ្សែប្រយុទ្ធប៉ូឡូញរូបនេះជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងលីក ដោយស៊ុតបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៤លើក។
រូបគេគួរតែអាចរកចន្លោះទូលាយបានច្រើនដើម្បីស៊ុតបញ្ចូលទីលើក្រុម Cadiz ដែលជាក្រុមតែមួយគត់មិនទាន់មាន១ពិន្ទុនៅឡើយនៅក្នុង La Liga។
ជាងនេះទៅទៀត Cadiz មិនទាន់រកបានមួយគ្រាប់ទេនៅរដូវកាលនេះ ពោលគឺស៊ុតសូន្យ របូត ១០ គ្រាប់។
យោងលើទម្រង់លេងដូច្នេះ គេរំពឹង Barcelona ឈ្នះយ៉ាងតិចបំផុតក៏ ២-០ ដែរ៕