ទាំង Manchester United និង Liverpool បានចាប់ផ្តើមរដូវកាលថ្មីនេះ យ៉ាងលំបាក។ ប៉ុន្តែស្ថានភាពរបស់ United កាន់តែអាក្រក់ទៅៗ ពួកគេកំពុងតែកំណត់គោលដៅឈ្នះដំបូងរបស់ពួកគេ ក្នុងរដូវកាលនេះ ខណ:ពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Liverpool ។
United គឺជាក្រុមដែលកំពុងឈរនៅបាតតារាងក្នុងលីគ ហើយត្រូវប្រកួតជាមួយនឹងក្រុម Liverpool ដែលជាក្រុមបានត្រឹមបញ្ចប់លទ្ធផលស្មើ ដោយការតាមពីក្រោយគូប្រជែងទាំងពីរប្រកួតក្នុងលីគកន្លងមក។
ក្រុមទាំងពីរកំពុងតែសម្លឹងស្វែងរកការឈ្នះដំបូងក្នុងរដូវកាលនេះ ប៉ុន្តែ United ស្ថិតនៅក្រោមសម្ពាធជាង បន្ទាប់ពីការចាញ់ ៤-០ ក្រោមស្នាដៃក្រុម Brentford ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។
Liverpool បានស្មើ២ប្រកួត ដោយប្រកួតទី១ស្មើជាមួយ Fulham ដែលជាក្រុមទើបឡើងមកកាន់លីគកំពូលថ្មីៗ ហើយក៏ដូចគ្នាក្នុងការបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយ Crystal Palace ក្នុងការប្រកួតទីពីរ។
ចំណែក Manchester United មិនមានកំរឹតប្រកួតដែលពួកគេចង់បាននោះទេ ហើយបញ្ហានៅក្រៅទីលានប្រកួតហាក់ដូចជាកំពុងតានតឹងក្នុងការបំពេញការងាររបស់ក្រុម។ កីឡាករកំពូលៗរបស់ពួកគេលេងមិនសូវល្អទេ ហើយនេះមិនមែនជាអ្វីដែលពួកគេត្រូវការនោះទេ ពេលដែលត្រូវប្រកួតជាមួយនិង Liverpool។
សម្រាប់ការព្យាករណ៍
Manchester United មានទំរង់មិនល្អក្នុងការប្រកួតបើកឆាក២ប្រកួត ក្នុងរដូវកាលនេះ ដោយប្រកួតចាញ់ Brighton និង Brentford។ ការប្រកួតប្រជែងកាន់តែមានភាពតានតឹងនៅពេលនេះ ខណៈដែលពួកគេត្រូវជួបជាមួយនិង Liverpool ដែលមិនទាន់ឈ្នះនោះទេ ប៉ុន្តែពួកគេមិនទាន់ស្គាល់ការចាញ់ផងដែរ។ Liverpool បានបង្ហាញពីស្មារតីប្រយុទ្ធល្អជាង United ហើយនឹងក្លាយជាក្រុម ដែលគួរជាទីពេញចិត្តក្នុងការប្រកួតនេះ។ ដូច្នេះយើងព្យាករណ៍ថា ក្រុមភ្ញៀវនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕