នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្រុមកីឡាករ កីឡាការិនីរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមកដល់ប្រទេសកម្ពុជាវិញហើយ ដោយនាំយកមកនូវមេដាយ ចំនួន ៣៣ គ្រឿង ជូនជាតិមាតុភូមិ និងអង្គភាពនៃព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ “The 19th World Police and Fire Games 2022” នៅទីក្រុង Rotterdam ប្រទេសហូឡង់។
សមិទ្ធផលដែលទទួលបានលើកនេះ អង្គភាពកីឡានគរបាលជាតិកម្ពុជា ចម្រាញ់ជ្រើសរើស កីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហាត់ អស់ពីកម្លាំងកាយចិត្ត យ៉ាងខ្ជាប់ខ្ជួន តាំងពី ៦ខែមុនមកម្ល៉េះ ដើម្បីត្រៀមទៅចូលរួម ព្រឹត្តិការណ៍ កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ (The 19th World Police and Fire Games 2022) នៅទីក្រុង Rotterdam ប្រទេសហូឡង់។
ព្រឹត្តិការណ៍ខាងលើកនេះ អង្គភាព បានបញ្ជូនប្រភេទកីឡា ចំនួន ៦ ប្រភេទ ទៅចូលរួម ដែលក្នុងនោះមាន តេក្វាន់ដូ WT(World Taekwondo) វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ ហើយព្រឹត្តិការណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែកក្កដា ឆ្នាំ២០២២ ដោយដណ្តើមបានមេដាយ ចំនួន ៣៣ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ១៥ គ្រឿង មេដាយប្រាក់ ចំនួន៨ គ្រឿង និងមេដាយសំរិទ្ធចំនួន ១០ គ្រឿង ។
ប្រភេទកីឡាយូដូ បានមេដាយមាស១ ប្រាក់៣ និងសំរិទ្ធ១។ កីឡាចំបាប់ បានមេដាយមាស៣ប្រាក់១សំរិទ្ធ២ ។ យូដូ បានមេដាយសំរិទ្ធ៣ ។ វាយកូនឃ្លីលើតុ បានមេដាយសំរិទ្ធ ១ ។ ការ៉ាតេបានមេដាយមាសប្រាក់២ សំរិទ្ធ២ ។ វាយសី បានមេដាយប្រាក់១ សំរិទ្ធ១ ។ តេក្វាន់ដូ បានមេដាយមាស ៣ គ្រឿង។ ចំបាប់កាច់ដៃ(Wrist Wrestling) បានមេដាយមាស ៦ ប្រាក់១ និងប្រភេទកីឡាលើកទម្ងន់ បានមេដាយមាស ១គ្រឿង ។
ជាមួយនឹងការដណ្ដើមបានមេដាយនេះ ដើម្បីជាការលើកទឹកចិត្ត ក៏មានការដង្ហែក្បួនតាមរថយន្ដ កាត់តាមមហាវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ទៀតផង ៕