លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានមានប្រសាសន៍ថាពានរង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP-Trophy Tour នឹងមកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរឯកជន ពិសេស “Private Jet” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។ ការធ្វើដំណើរមកនេះ ដោយបានការអនុញ្ញាត ពីរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
រាជរដ្ឋាភិបាល ដែលពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់មកនឹងមានការដាក់តាំងដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនានិងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ។
លោក វ៉ាត់ ចំរើន បន្តថាព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋទាំងអស់មានមោទនភាពជាតិ ដ៏វិសេសវិសាល ដែលបានទទួលព្រឹត្តិការណ៍ ដំណើរគោចរនៃពានរង្វាន់ បាល់ទាត់ពិភពលោកលើកទី១មកដល់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈដើម្បីអបអរសាទរការប្រកួត កីឡាបាល់ទាត់ដណ្ដើម ពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា៕