ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាបាត់បង់ឱកាសឡើងទៅលេងវគ្គបន្តទៀតហើយបន្ទាប់ពីប្រកួតចាញ់ក្រុមថៃ០ទល់៥នោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹក U-23 កម្ពុជាបាននិយាយដូច្នេះថា ការប្រកួតចាញ់ថៃ០ទល់៥ថ្ងៃនេះគឺជាអ្វីដែលយើងមិននឹកស្មានដល់។នៅដើមវគ្គទី១យើងមានឱកាសច្បាស់លាស់ជាច្រើនក្នុងការឈានទៅបង្កើតគ្រាប់បាល់។ ប្រសិនបើពួកគេបានទាត់បញ្ចូលទីស្ថានភាពអាចនឹងខុសគ្នា។
លោកបន្តថាតំបន់បម្រើនិងការពារធ្វើមិនបានល្អទេសម្រាប់នេះ។ការប្រកួតបន្ទាប់នឹងត្រូវពិចារណា។សង្ឃឹមថាតាមរយៈការប្រកួតនេះកីឡាករនឹងមានភាពចាស់ទុំជាងមុន។យើងនឹងព្យាយាមស្វែងរកអ្វីដែលប្រសើរជាងនេះសម្រាប់តំបន់បម្រើ និងការពារ។
ក្នុងការប្រកួតនេះថៃ បានបើកការនាំមុខមកលើកម្ពុជា ភ្លាមៗត្រឹមតែបួននាទី ទាត់បញ្ចូលទីដោយកីឡាករ Chonnapat Buaphan។ កម្ពុជា បន្តមានឱកាសច្បាស់ៗចំនួន ៣ដង ក្នុងការរកគ្រាប់បាលតាមស្មើប៉ុន្តែនៅតែធ្វើមិនបានសម្រេច ហើយថៃទៅវិញជាអ្នកបន្ថែមគ្រាប់បាល់ទី២ និងទី៣ នៅនាទី៣១ និង៤១ ដោយកីឡាករ Korawich Tasa និងកីឡាករ WorachitKanitsribampenម្នាក់មួយគ្រាប់ជួយឲ្យនាំមុខកម្ពុជា៣ទល់០នៅវគ្គទី១។លុះចូលដល់វគ្គទី២ថៃនៅតែរក្សាភាពខ្លាំងនិងមានឱកាសកាន់តែច្រើនជាងមុន ប៉ុន្តែត្រូវបានរារាំងដោយ ហ៊ុល គឹមហ៊ុយ ជារឿយៗ។ យ៉ាងណាមិញថៃ នៅតែអាចរកគ្រាប់បាល់បាន ២គ្រាប់បន្ថែមទៀត នៅនាទី៧២ និង៨៨ ដោយកីឡាករប្ដូរចូល Patrik Gustavsson ទាំង ២គ្រាប់ ធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានចាញ់ ថៃ ០ទល់៥។
លទ្ធផលនេះបានធ្វើឲ្យ លោក Ryu Hirose បានបង្ហាញពីការនឹកស្មានមិនដល់ដ្បិតនៅដើមវគ្គទី១កូនក្រុមរបស់លោកមាន ឱកាសល្អៗដែលស្ទើរតែនឹងឈានទៅបង្កើតគ្រាប់បាល់។
លទ្ធផលនេះធ្វើឱ្យកម្ពុជា ឈរនៅលេខ៤ អស់ឱកាសឡើងវគ្គបន្ត ក្រោយប្រកួត ៣ដង ឈ្នះ១ និងចាញ់២ មាន ៣ពិន្ទុ ខណៈនៅសល់មួយប្រកួតទៀតជាការប្រកួតបង្គ្រប់កិច្ច ជាមួយម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា នេះវេលាម៉ោង ៤រសៀល៕