ការប្រកួតដ៏ធំមួយនឹងកើតឡើងក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ ខណៈ West Ham ទទួលភ្ញៀវ Manchester City នៅកីឡដ្ឋាន London Stadium។
អ្នកគាំទ្រក្រុម Manchester City កំពុងមានអារម្មណ៍ហោះហើរលើមេឃក្នុងសប្តាហ៍នេះ បន្ទាប់ពី City ចុះហត្ថលេខាទិញបានខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ អៀលីង ហាលែន។ កីឡាករសញ្ជាតិន័រវេសរូបនេះគឺជាកីឡាករត្រូវប៉ាន់មួយរូបរបស់ពិភពបាល់ទាត់ ហើយ Man City ទិញរូបគេក្នុងតម្លៃធូរថ្លៃត្រឹមតែ ៦០ លានអឺរ៉ូប៉ុណ្ណោះ។ ពួកគេក៏នឹងសម្លឹងឆ្ពោះទៅរកការឈានមួយជំហានទៀតឆ្ពោះទៅកាន់ពាន Premier League នៅក្នុងការប្រកួតនេះជាមួយនឹងជ័យជម្នះមួយទៀតផងដែរ បន្ទាប់ពីពួកគេបានផ្តួលក្រុម Wolves នៅពាក់កណ្តាលសប្តាហ៍ ដោយរក្សាការនាំមុខ៣ពិន្ទុលើក្រុមហង្សក្រហម Liverpool ។
ការប្រកួតនេះក៏មានសារៈសំខាន់ដូចគ្នាសម្រាប់ក្រុមញញួរធំ West Ham ដែរ ដែលកំពុងដេញតាមកៅអីអឺរ៉ុប។ ការទទួលជ័យជម្នះលើមេឃខៀវថ្ងៃអាទិត្យនេះនឹងនាំពួកគេឈរពីលើក្រុម Manchester United ដោយលើសចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី និងឈានទៅរកក្របខ័ណ្ឌ Europa League ដូច្នេះក្រុមទាំងពីរត្រូវឈ្នះដាច់ខាតរៀងៗខ្លួន។
កូនក្រុមរបស់លោក ដេវីត ម៉យ ប្រហែលជាគ្មានកីឡាករសំខាន់មួយចំនួនសម្រាប់ការប្រកួតនេះទេ។ ទាំងកីឡាករ មីខាអ៊ីល អង់តូនីញ៉ូ និង ក្រេក ដសុន ស្ថិតក្នុងមន្ទិលដោយសារតែរបួសថ្មីៗនេះ។ សាអ៊ីត បិនចាមីនក៏បានរងរបួសពេលប្រកួតជាមួយនឹងក្រុម Norwich កាលពីចុងសប្តាហ៍មុនផងដែរ ដូច្នេះរូបគេនឹងអវត្តមានជាមួយនឹងកីឡាករ អង់ជែឡូ អូកបូនណា ដែលនឹងត្រូវអវត្តមានរហូតដល់ចុងរដូវកាលនេះ។
ចំណែក ក្រុមរបស់លោក ប៉េប ហ្គាឌីអូឡា មានវិបត្តិផ្នែកការពារខ្លះ។ កីឡាករ អាមេរីក ឡាប៉ត និង ហ្វើណាល់ឌីញ៉ូ ទាំងពីរនាក់បានរងរបួសពេលប៉ះ Wolves នៅពាក់កណ្តាលសប្តាហ៍ ហើយឥឡូវនេះកំពុងស្ថិតក្នុងមន្ទិល ដែលមានន័យថាពួកគេចូលរួមជាមួយខ្សែការពារ ខាយ វ៉កឃើ, ចន ស្តូន និង រូបិន ឌីអាស នឹងស្ថិតនៅក្រៅទីលានប្រកួត។
ត្បិតញញួរធំកំពុងប្រឹងយកកៅអី Europa ប៉ុន្តែក្រុមរបស់លោកហ្គាឌីអូឡាកំពុងប្រឹងលើកពាន EPL ក្នុងល្បឿនដែលគ្មានក្រុមណាអាចបញ្ឈប់បានឡើយ ហើយពួកគេច្បាស់ជាគ្មានបញ្ហាក្នុងការដណ្តើមយក៣ពិន្ទុ។
លទ្ធផលព្យាករណ៍ Man City ឈ្នះ ២-១៕