Liverpool ជិតបង្កើតប្រវត្តិសាស្ត្រហើយ។ ពួកគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ហើយពួកគេក៏បានកក់សំបុត្រទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ដែរ។ ហើយជាមួយនឹងពានរង្វាន់ Carabao Cup ស្ថិតក្នុងដៃរបស់ពួកគេរួចទៅហើយនោះ អ្វីដែលនៅសល់នោះគឺពួកគេត្រូវធ្វើឱ្យប្រាកដថាពួកគេនឹងដណ្តើមពាន EPL ពី Manchester City ឱ្យខាងតែបាន។
គិតត្រឹមពេលនេះ ពួកគេឈរនៅលេខរៀងទី ២ ក្នុងតារាង ដោយដេញតាមពីក្រោយក្រុមការពារតំណែងជើងឯកនិងក្រុមកំពូលតារាង Man City តែមួយពិន្ទុប៉ុណ្ណោះ។
ទោះយ៉ាងណា ពួកគេមានការប្រកួតប្រជែងដ៏ធំកំពុងរង់ចាំពួកគេនៅចុងសប្តាហ៍នេះនៅក្នុងផ្ទះ។ ក្រុម Spurs ដែលកំពុងឡើងជើងនិងកំពុងស្វែងរកសំបុត្រ Champions League នឹងមកសួរសុខទុក្ខហង្សក្រហម ហើយការប្រកួតនេះអាចសម្រេចថាតើអ្នកណានឹងលើកពាន EPL នៅចុងបញ្ចប់នៃយុទ្ធនាការនេះ។
ការពិតដែលថាក្រុម Tottenham ឈរនៅលេខរៀងទី ៥ ក្នុងតារាងគិតត្រឹមពេលនេះ ការដេញតាមពីក្រោយក្រុមលេខ ៤ Arsenal ត្រឹមតែ ២ ពិន្ទុ នឹងធ្វើឱ្យការប្រកួតនេះកាន់តែមានការចាប់អារម្មណ៍។
ខណៈដែលក្រុមទាំងពីរត្រូវប៉ះនៅយប់ថ្ងៃសៅរ៍នេះ គេរំពឹងមានការប្រកួតយ៉ាងស្វិតស្វាញ។ ហើយកុំភ្លេចថានេះជាទឹកដីរបស់ហង្សក្រហម ដូច្នេះប្រៀបឈ្នះរបស់ពួកគេនឹងមានខ្ពស់ជាងមាន់ខ្នាយមាស។
ដោយហេតុថា Spurs ខានឈ្នះនៅទឹកដីហង្សក្រហមជាង១០ឆ្នាំទៅហើយនោះ យើងរំពឹង Liverpool ឈ្នះយ៉ាងតិច ២-០ ដើម្បីបន្តដេញតាមពិន្ទុ Man City៕