ក្រុមតោខៀវកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីធានារក្សាចំណាត់ថ្នាក់លេខ៣ ក្នុងតារាង។ បន្ទាប់ពីធ្លាក់ចេញពី Champions League នេះគឺជាគោលដៅដ៏ធំបំផុតរបស់ពួកគេ នៅរដូវកាលនេះ។
ជាមួយនឹងការប្រកួតនៅសល់ ៤ ជុំទៀតនឹងចប់ ពួកគេមាន ៣ ពិន្ទុនាំមុខក្រុមលេខ ៤ Arsenal និងលើសចំនួន ៥ ពិន្ទុពីលើក្រុមលេខ ៥ Spurs ។
ដោយគិតពីទម្រង់លេងនៃក្រុមទាំងពីរនេះ កូនក្រុមរបស់លោកថូម៉ាស ថូខល់មិនអាចលេងលេងសើចបាននោះឡើយ។ ពួកគេត្រូវស្វែងរកទម្រង់ចាស់របស់ពួកគេមកវិញ ប្រសិនបើពួកគេចង់បញ្ចប់រដូវកាលដោយឈរលើកំពូលទាំងបីនៃតារាងពិន្ទុ។
វាជាសំណាងដែរដែលពួកគេត្រូវប្រឈមមុខនឹងក្រុម Wolves ដែលកំពុងឆ្លងកាត់ការប្រកួតចាញ់ជាប់ៗគ្នាជាច្រើនប្រកួតនាពេលថ្មីៗនេះ។ គិតឱ្យមែនទែនទៅ Wolverhampton គឺជាក្រុមអន់បំផុតមួយនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយពួកគេបានឱ្យគេស៊ុតបញ្ចូលទីក្នុងចំនួនដ៏ច្រើនក្នុងអំឡុងពេលនេះផងដែរ។
អ្វីដែលកត់សម្គាល់គឺ ពួកគេមានកំណត់ត្រាអន់ទល់នឹងក្រុមម្ចាស់ជើងឯកអឺរ៉ុបបច្ចុប្បន្ននេះ។
តាមមើលទៅ Chelsea មានភាគរយឈ្នះខ្ពស់នៅថ្ងៃសៅរ៍នេះនៅក្នុងផ្ទះខ្លួនឯង ប៉ុន្តែដោយសារទម្រង់លេងរបស់ពួកគេអន់ក្នុងផ្ទះ ការឈ្នះមិនរំពឹងមានច្រើនគ្រាប់នោះទេ។
លទ្ធផលព្យាករណ៍ Chelsea ឈ្នះ ១-០៕