អ្នកចាំទី Kawin Thamsatchanan ដែលមានបទពិសោធជោគជាំ និងជាអ្នកចាំទីឆ្នើមរបស់ជម្រើសជាតិថៃនឹងមានមុខក្នុងក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំថៃសម្រាប់ការប្រកួតប្រជែងនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ នេះជាការអះអាងរបស់អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ លោកស្រី Madam Pang ។
អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិថៃបានឆ្លើយតបជាមួយសំណួរពីអ្នកគាំទ្រក្រុមជម្រើសជាតិ ក្នុងការផ្សាយផ្ទាល់លើបណ្ដាញទំនាក់ទំនងសង្គមថា ម្នាក់ក្នុងចំណោម៣នាក់ដែលជាកីឡាករលើសអាយុសម្រាប់ការប្រជែងមេដាយនៅវៀតណាមក៏មាន Kawin ដែរ។ ខណៈកីឡាករលើសអាយុ២នាក់ផ្សេងទៀត នឹងធ្វើការប្រកាសឲ្យដឹងនៅពេលក្រោយ។
ទន្ទឹមនឹងនោះ លោកស្រី Madam Pang បានបន្ថែមថា អ្នកចាំទីដែលធ្លាប់ចាប់ឲ្យក្រុមជម្រើសជាតិ៦៨ប្រកួតរូបនេះនឹងកាន់តួនាទីជាប្រធានក្រុមរបស់ U23 ថៃថែមទៀតផង។
Kawin បច្ចុប្បន្នត្រូវបានក្លិប Port នៃលីគកំពូលថៃខ្ចីជើងពីក្លិប OH Leuven របស់ប្រទេសប៊ែលហ្ស៊ិក។ អ្នកចាំទីវ័យ៣២ឆ្នាំមានកម្ពស់១,៨៣ម៉ែត្ររូបនេះ ធ្លាប់លេងឲ្យក្លិប Muangthong United បានចំនួន ២៤៦ ប្រកួត ក្នុងចន្លោះឆ្នាំ២០០៨ ដល់ ២០១៨៕