ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានបិទ ដើម្បីប្រើប្រាស់ ជាបណ្ដោះអាសន្ន ដើម្បីព្យាបាលអ្នកដែលកើតជំងឺកូវីដ១៩នោះ នឹងត្រូវបើប្រើប្រាស់ សម្រាប់វិស័យកីឡាឡើងវិញហើយ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ពិភាក្សាគ្នាផ្ទេរ អ្នកជំងឺកូវីដ១៩ ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅព្យាបាល នៅមន្ទីរ ពេទ្យផ្សេង ដើម្បីយកពហុកីឡដ្ឋានជាតិអូឡាំពិក ទៅឲ្យផ្នែកកីឡាវិញ។
ប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញ ជួបសំណេះ សំណាល និងផ្តល់អនុសាសន៍ ដល់ប្រតិភូកីឡា កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ។
យោងតាមស្ថានភាពបច្ចុប្បន្ន ដោយសារតែអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានការថយ ចុះនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខា ភិបាល អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវពិភាក្សាគ្នា ដើម្បីផ្ទេរអ្នកជំងឺកូវីដ១៩ ចេញពីពហុកីឡដ្ឋានជាតិ អូឡាំពិក ទៅព្យាបាល នៅមន្ទីរពេទ្យផ្សេងវិញ។ ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវផ្ដល់ ជូនទៅផ្នែក កីឡាវិញ ដើម្បីហ្វឹកហាត់ សម្រាប់ការប្រកួតកីឡាសំខាន់ៗ នាពេលខាងមុខ។
សម្ដេចតេជោ បានមានប្រសាសន៍ណែនាំថាៈ ស្តាតអូឡាំពិករបស់យើងបាន ផ្ទេរច្រើនហើយ ប៉ុន្តែខ្ញុំមិនចង់ឲ្យបន្តទៀតទេ អីចឹង សូមពិភាក្សាគ្នា អាចនឹងយកអ្នកជំងឺរបស់យើង ទៅដាក់ នៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅចាក់អង្រែ ដើម្បីប្រគល់ស្តាត សម្រាប់ការជួសជុលឲ្យហើយ ព្រោះយើងនៅសល់ពេល តែមួយឆ្នាំទៀតទេ ការប្រកួតស៊ីហ្គេម នឹងមកដល់ ហើយយើង ក៏យកកន្លែងនឹង ធ្វើការហ្វឹកហាត់បន្ថែមទៀតដែរ»។
គួររំឮកដែរថា សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានប្រកាសយក ពហុកីឡដ្ឋាន ជាតិអូឡាំពិក សម្រាប់ជាទីកន្លែងព្យាបាល អ្នកកើតជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយសារការរីករាលដាលខ្លាំង នាពេលនោះ ដែលជាហេតុតម្រូវឲ្យវិស័យកីឡានានា រួមទាំងការហ្វឹកហាត់ នៅទីនោះ ត្រូវបានផ្ទេរចេញទៅហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួនធំ ត្រូវបានផ្ទេរ សម្រាប់ឲ្យសហព័ន្ធ កីឡាជាតិ មួយចំនួន បានប្រើប្រាស់ជាបណ្ដើរៗផងដែរ៕