ក្រុមញញួរធំ West Ham ទទួលភ្ញៀវ Olympique Lyon ក្នុងជើងទីមួយនៃការប្រកួត UEFA Europa League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ នៅយប់ថ្ងៃព្រហស្បតិ៍នេះនៅកីឡដ្ឋាន London។
ក្រុមទាំងពីរនឹងចូលមកការប្រកួតក្រោយឈ្នះទាំងតឹងដូចគ្នាកាលពីចុងសប្តាហ៍។ West Ham បានយកឈ្នះ Everton ២-១ ក្នុងទីក្រុងឡុងដ៍ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Aaron Cresswell និង Jarrod Bowen។
ការវិលត្រឡប់ពីរបួសរបស់ Bowen នឹងក្លាយជាការជំរុញដ៏ធំមួយចំពោះមហិច្ឆតានៃការប្រកួតទ្វីបអឺរ៉ុបរបស់ West Ham ។
ក្រុមដែលដឹកនាំដោយលោក David Moyes បានបង្ហាញភាពខ្លាំងរបស់ពួកគេរួចហើយនៅទ្វីបអឺរ៉ុបដោយការទម្លាក់ស្ដេចត្រាញ់ក្របខ័ណ្ឌ Europa League គឺ Sevilla ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
ក្រុមញញួរធំបានឈានទៅវគ្គបន្ត ដោយសារការទទួលជ័យជម្នះ ២-០ ក្នុងការប្រកួតជើងទីពីរនៅផ្ទះខ្លួនឯង ខណៈដែលកីឡាករ Andriy Yarmolenko ស៊ុតគ្រាប់ជ័យជម្នះនៅចុងម៉ោងបន្ថែម។
ចំណែកឯ Lyon វិញបានឡើងដល់វគ្គ៨ក្រុមចុងក្រោយដោយយកឈ្នះ Porto សរុប ២-១ ទាំងពីរជើង។ ពួកគេមិនមានទម្រង់លេងល្អបំផុតនៅក្នុងលីកក្នុងស្រុកនៅរដូវកាលនេះទេ ហើយជោគជ័យក្នុងក្របខ័ណ្ឌ Europa League អាចជួយសង្គ្រោះយុទ្ធនាការសម្រាប់លោក Peter Bosz និងកងទ័ពរបស់គាត់។
Lyon បានឡើងមកឈរត្រឹមលេខរៀងទី ៩ ក្នុងតារាង Ligue 1 បន្ទាប់ពីបានយកឈ្នះលើក្រុម Angers ៣-២ ទាំងប្រផុតប្រផើយកាលពីថ្ងៃអាទិត្យ។
ពួកគេមាន ៨ ពិន្ទុនៅក្រោមក្រុមលេខ៣ Rennes ដែលមានន័យថា UEFA Champions League ទំនងគ្រាន់តែជាសុបិនប៉ុណ្ណោះលុះត្រាតែពួកគេឈ្នះពាន Europa League។
យើងត្រូវតែនិយាយថា Moussa Dembele គឺជាកីឡាករល្អបំផុតរបស់ Lyon ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានស៊ុតចូល២គ្រាប់ក្នុងជ័យជម្នះលើក្រុម Angers កាលពីចុងសប្តាហ៍។
រូបគេក៏ស៊ុតចូលផងដែរក្នុងលទ្ធផលស្មើ ១-១ ជាមួយ Porto ក្នុងការប្រកួតជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយក្នុង Europa League ។
ក្រុមទាំងពីរមិនដែលជួបគ្នាទេ ប៉ុន្តែញញួរធំកំពុងល្អក្នុងផ្ទះ ហើយកីឡាករល្អៗវិលពីរបួសវិញអស់ហើយ ហេតុដូច្នេះពួកគេគួរតែឈ្នះការប្រកួតនេះ។
លទ្ធផលព្យាករណ៍ West Ham ឈ្នះ ២-០៕