ខ្សែប្រយុទ្ធរូបនេះ ត្រូវបានទទួលការប្រឹក្សាថា គាត់នៅតែកំពុងពិចារណាយ៉ាងហ្មត់ចត់លើកុងត្រាថ្មី នៅប្រទេសបារាំង ចំពេលដែលមានពាក្យចចាមអារ៉ាម នៃការផ្លាស់ទៅកាន់ Real Madrid។
បន្ទាប់ពីមានការចូលរួមក្នុងការស៊ុតបញ្ចូលទីចំនួន៥ គ្រាប់លើក្រុម Lorient កាលពីថ្ងៃអាទិត្យ ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG បានទទូចថា ចិត្តរបស់គាត់មិនបានផ្លាស់ប្តូរទាក់ទងនឹងអនាគតរបស់គាត់ជាមួយនឹងក្លឹបនោះទេ។
Mbappe បានប្រាប់ Amazon Prime ថា "ប្រសិនបើខ្ញុំបានធ្វើការសម្រេចចិត្ត ខ្ញុំនឹងនិយាយដូច្នេះ"។ “ខ្ញុំមិនចាំបាច់ឆ្លើយតបទៅអ្នកណានោះទេ បើខ្ញុំធ្វើការសម្រេចចិត្តខ្ញុំនឹងទទួលខុសត្រូវ រឿងល្អនិងអាក្រក់ខ្ញុំតែងតែទទួលខុសត្រូវជានិច្ច។ “ខ្ញុំមិនចាំបាច់លាក់ទេ ខ្ញុំមិនបានសម្លាប់អ្នកណាទេ។ ខ្ញុំគ្រាន់តែចង់ធ្វើការសម្រេចចិត្តឲ្យបានល្អបំផុតដែលខ្ញុំអាចធ្វើបាន។”
Mbappe បាននិយាយថា គាត់នឹងប្រកាសការសម្រេចចិត្តចុងក្រោយរបស់គាត់ជាសាធារណៈ នៅពេលដែលគាត់ត្រៀមរួចជាស្រេចក្នុងការធ្វើវា៕
ប្រភព៖ Goal