ក្រុមតស៊ូបាតតារាងនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមសង្ឃឹមឈ្នះពាន នៅយប់ថ្ងៃសៅរ៍នេះ ខណៈ Burnley ប្រកួតជាមួយក្រុមមេឃខៀវ Manchester City ក្នុងជុំទី ៣១ នៃក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Turf Moor ។
Burnley ជួបរឿងដ៏គួរឱ្យភ័យខ្លាចកាលពីខែមុន ដោយបានចាញ់ការប្រកួត Premier League ទាំងបី ដោយរបូតគ្រាប់បាល់ ២ គ្រាប់ឡើង ហើយមិនបានស៊ុតបញ្ចូលទីគេសូម្បី១គ្រាប់។
Burnley ត្រូវតែកែប្រែជោគវាសនារបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពួកគេឈរនៅលេខ២បាតតារាងដោយមាន ៤ ពិន្ទុរវាងពួកគេ និង Everton នៅក្នុងតំបន់សុវត្ថិភាព។
ការប៉ះជាមួយក្រុមកំពូលតារាង Premier League បច្ចុប្បន្នបានកើតឡើងចំពេលដ៏អាក្រក់បំផុតសម្រាប់លោក Sean Dyche និងកូនក្រុមរបស់គាត់ ព្រោះវាពិបាកណាស់ក្នុងការរំពឹងទទួលបានពិន្ទុពីក្រុមខ្លាំងបំផុតមួយនៅក្នុងប្រទេសអង់គ្លេស។
រឹតតែយ៉ាប់ជាងនេះទៀតនោះសម្រាប់ក្រុមម្ចាស់ផ្ទះ គឺថា Manchester City នឹងមានកម្លាំងចិត្តបន្ថែមដើម្បីដណ្តើមយក៣ពិន្ទុ បន្ទាប់ពីប្រកួតត្រឹមស្មើទល់នឹង Crystal Palace ក្នុងការប្រកួតចុងក្រោយក្នុង EPL។
កូនក្រុមរបស់លោក Pep Guardiola ឥឡូវនេះមានតែ១ពិន្ទុពីលើក្រុម Liverpool នៅលើកំពូលតារាងប៉ុណ្ណោះ។ ពួកគេបានប៉ះប៉ូវលទ្ធផលខកចិត្តនេះជាមួយនឹងជ័យជម្នះ ១-៤ លើក្រុម Southampton ក្នុងការប្រកួត FA Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រ មុនពេលសម្រាកអន្តរជាតិ។
ក្រុមមេឃខៀវមានកីឡាករបួននាក់ផ្សេងគ្នានៅលើបញ្ជីអ្នកស៊ុតបញ្ជូលទីក្នុងឱកាសនោះ។ ពួកគេក៏ការពាររឹងមាំផងដែរថ្មីៗនេះ ដោយរបូតត្រឹមតែ១គ្រាប់គត់ក្នុងការប្រកួតក្រៅដី៦លើកចុងក្រោយ។
អាស្រ័យហេតុនេះ Man City គ្មានរំពឹងអ្វីក្រៅតែពីលទ្ធផលឈ្នះនោះឡើយ។ លទ្ធផលទស្សន៍ទាយ Man City ឈ្នះ ២-១៕