Premier League វិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះ ខណៈ Liverpool ទទួលស្វាគមន៍ Watford ក្នុងការប្រកួតក្បាលព្រលប់ថ្ងៃសៅរ៍នេះ នៅកីឡដ្ឋាន Anfield។
ក្រុមហង្សក្រហម នឹងសម្លឹងស្វែងរកជ័យជម្នះលើកទី១០ជាប់ៗក្នុងឱកាសនេះ ហើយពួកគេរំពឹងអាចធ្វើបាន។
កូនក្រុមរបស់លោក Jurgen Klopp បានទាញយកអត្ថប្រយោជន៍ពីការរបូតពិន្ទុមិនរំពឹងទុកមួយចំនួន ពីក្រុមមេឃខៀវ Manchester City របស់លោក Pep Guardiola ដើម្បីបង្រួមគម្លាតតាមពីក្រោយពួកគេមកនៅសល់ត្រឹមតែ១ពិន្ទុនៅលើកំពូលតារាង។
Liverpool នឹងត្រូវប្រឈមមុខជាមួយនឹង Man City នៅជុំបន្ទាប់ ហើយពួកគេពិតជាចង់បង្កើនទំនុកចិត្តបន្ថែមទៀត ជាមួយនឹងជ័យជំនះលើក្រុម Watford ដែលរងការគំរាមកំហែងពីការកាត់ចោលនៅថ្ងៃសៅរ៍នេះ។
ក្រុមភ្ញៀវថ្ងៃនេះមានភារកិច្ចធំប៉ុនភ្នំដើម្បីសង្គ្រោះខ្លួនឯងពីការធ្លាក់នៅរដូវកាលក្រោយ។ ពួកគេឈរនៅលេខរៀងទី ៣ ពីបាតតារាងក្នុងក្របខ័ណ្ឌ Premier League នៅពេលនេះ ប៉ុន្តែកំពុងឈរនៅពីក្រោមក្រុមស្ករគ្រាប់ Everton តែ៣ពិន្ទុប៉ុណ្ណោះនៅក្នុងតំបន់សុវត្ថិភាព។
ក្រុមស្ករគ្រាប់ក៏មាន២ប្រកួតក្នុងដៃផងដែរនៅលើ Watford ។ ទោះយ៉ាងណា Watford សឹងតែគ្មានសង្ឃឹមសូម្បីស្មើនៅទឹកដីរបស់ក្រុមប្រជែងពាន Liverpool ជាពិសេសពេលដឹងថា Liverpool មានកំណត់ត្រាដ៏អស្ចារ្យក្នុងទឹកដី Anfield នៅរដូវកាលនេះ ដោយឈ្នះ ១១ ស្មើ ៣ ក្នុង ១៤ លើក។
ទ័ពរបស់លោក Klopp របូតតែ ៧ គ្រាប់ប៉ុណ្ណោះក្នុង ១៤ ប្រកួតក្នុងផ្ទះនៅរដូវកាលនេះ។ Watford ខកខានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតចំនួន ៤ ដងនៃការប្រកួត Premier League ៦ លើកចុងក្រោយនៅក្រៅទឹកដី។ ហេតុដូច្នេះយើងគ្មានរំពឹងអ្វីក្រៅតែពីជ័យជម្នះយ៉ាងងាយស្រួលសម្រាប់ Liverpool ក្នុងលទ្ធផលទស្សន៍ទាយ ២-០៕