ការប្រកួត Euro 2024 វគ្គ ១៦ក្រុមចុងក្រោយ ថ្ងៃចន្ទ ទី០១ ខែកក្កដានេះ ដែលជាជំនួបរវាង បារាំង និង បែលហ្សិក នៅកីឡដ្ឋាន Düsseldorf Arena។
បារាំង បានបញ្ចប់វគ្គជម្រុះចែកពូល ដោយឈរលេខ២ ក្នុងពូល D ជាមួយនឹងកំណត់ត្រាឈ្នះ ១ ប្រកួត និងស្មើ ២ប្រកួត ដែលមានមួយពិន្ទុតាមពីក្រោយក្រុមឈរកំពូលតារាង អូទ្រីស។ គួរកត់សម្គាល់ថា បារាំងស៊ុតបញ្ចូលទីបានតែ ២ គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៃវគ្គចែកពូល។
អ្វីដែលសំខាន់បង្ហាញថា បារាំង មិនស្គាល់ចាញ់សោះ ១១ប្រកួតចុងក្រោយ។ លើកចុងក្រោយដែលក្រុមរបស់លោក Didier Deschamps ប្រកួតចាញ់ គឺនៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ ទល់និង អាហ្សង់ទីន។
ផ្ទុយទៅវិញ បែលហ្ស៊ិក ទទួលបានកេរ្តិ៍ឈ្មោះដែលមិនចង់បាន បើទោះបីជាមានកីឡាករល្អជាច្រើន នាពេលបច្ចុប្បន្នក៏ដោយ។
បែលហ្ស៊ិក ត្រូវបានផ្តល់នូវការភ័យខ្លាចយ៉ាងខ្លាំង ក្នុងការប្រកួតក្នុងពូល នៅពេលដែលប្រកួតចាញ់ ស្លូវ៉ាគី ១-០ ក្នុងការប្រកួតបើកឆាក។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានវាយបកវិញ ដោយឈ្នះ រ៉ូម៉ានី ២-០ ក្នុងការប្រកួតជុំទីពីរ មុនពេលប្រកួតស្មើ ជាមួយ អ៊ុយក្រែន ០-០ ដែលបញ្ចប់ដោយឈរលេខ២ ក្នុងតារាងតាមពីក្រោយ រូម៉ានី។
ការព្យាករណ៍ : ក្នុងជំនួបកន្លងមករវាង បារាំង និង បែលហ្សិក គឺ បារាំង ធ្លាប់ឈ្នះ នៅជំនួប ២ប្រកួតចុងក្រោយ ហើយលើកចុងក្រោយដែល បែលហ្សិក ផ្តួល បារាំង គឺក្នុងការប្រកួតមិត្តភាព ដែលត្រឡប់ទៅក្នុងឆ្នាំ២០១៥។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ បារាំង ឈ្នះ ជាមួយគ្រាប់បាល់ ២-១៕