Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកសំណើណាមួយ ដើម្បីលក់ខ្សែប្រយុទ្ធ Gabriel Jesus នៅរដូវក្តៅនេះ នេះបើយោងតាមប្រភពដែលបានប្រាប់ទៅកាន់ Football Insider។
អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់លោក Pete O'Rourke បានទម្លាយថា ក្រុមកាំភ្លើងធំ មានគោលបំណងលក់ Jesus ចេញ ហើយប្រមូលទឹកប្រាក់មួយចំនួន ដើម្បីនាំយកកីឡាករជំនួសតំណែងខ្សែប្រយុទ្ធរូបនេះ "ដែលរំពឹងថា នឹងត្រូវចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់"។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ មានរដូវកាលដំបូងដ៏រឹងមាំ នៅកីឡដ្ឋាន Emirates ដោយបានស៊ុតបញ្ចូលទី ១១គ្រាប់ នៅ Premier League បន្ទាប់ពីផ្ទេរ Manchester City ក្នុងឆ្នាំ២០២២។
ក៏ប៉ុន្តែលោក O'Rourke បានលើកឡើងថា បញ្ហារបួសរបស់កីឡាករវ័យ ២៧ឆ្នាំនេះ បានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ Arsenal ហើយបានដាក់ចំណោទ អំពីអនាគតយូរអង្វែងរបស់កីឡាកររូបនេះ។
បច្ចុប្បន្ននេះ ក្លឹបអាចនឹងចូលទៅក្នុងទីផ្សារ ដើម្បីស្វែងរកខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់ ២៥គ្រាប់ក្នុងមួយរដូវកាល ដើម្បីជំនួស Jesus ដែលកំពុងស្ថិតនៅក្រោមកិច្ចសន្យាជាមួយទឹកដី Emirates រហូតដល់ឆ្នាំ២០២៧៕