Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះនៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ដែល Liverpool បានវាយបកយកឈ្នះ Brighton ២-១ ឡើងទៅឈរនៅកំពូលតារាង Premier League ។
ក្រុមរបស់លោក Jurgen Klopp មានការស្រឡាំងកាំង នៅពេលដែលកីឡាករ Danny Welbeck បានស៊ុតបាល់បញ្ចូលទីយ៉ាងសាហាវ នាំមុខក្រុមម្ចាស់ផ្ទះ Liverpool ត្រឹមតែ ៨៧វិនាទី នៃការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមទាំងពីរ ដោយការវាយសម្រុកទៅវិញទៅមក។
ប៉ុន្តែក្រុមម្ចាស់ផ្ទះ បានបញ្ចប់ដោយការវាយមកយកជ័យជំនះ ដែលកីឡាករ Luis Díaz រកបានគ្រាប់បាល់តាមស្មើដោយការស៊ុតបាល់បញ្ចូលទីនៅនាទី២៧ មុនពេលដែលMohamed Salah រកបានគ្រាប់បាល់ជ័យជំនះពីការបញ្ជូនបាល់ដ៏ល្អពីកីឡាករ Alexis Mac Allister នៅនាទី៦៥។
បច្ចុប្បន្ន Liverpool មាន ៦៧ ពិន្ទុពីការលេង ២៩ ប្រកួត ដែលធ្វើឱ្យហង្សក្រហមមានប្រៀបលើ Arsenal និង Manchester City ដែលប្រកួតស្មើ ០-០ នៅថ្ងៃអាទិត្យ៕