តារាបាល់ទាត់អន្តរជាតិ Dani Alves អាចត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីគាត់បានបង់ប្រាក់ធានាចំនួន ១លានអឺរ៉ូ (៨៥៣,០០០ផោន) ។
Alves ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំកន្លះកាលពីខែមុន បន្ទាប់ពីតុលាការបានរកឃើញថា គាត់មានទោសពីបទរំលោភនារីម្នាក់នៅក្នុងក្លឹបរាត្រី ក្នុងទីក្រុង Barcelona កាលពីឆ្នាំ២០២២។
កាលពីថ្ងៃច័ន្ទ តុលាការនៅក្នុងប្រទេសអេស្ប៉ាញបានអនុញ្ញាតឱ្យអតីតកីឡាករបាល់ទាត់របស់ Barcelona និងប្រេស៊ីល ចាកចេញពីពន្ធនាគារ ដោយរង់ចាំការវិនិច្ឆ័យសាជាថ្មីរបស់គាត់ បន្ទាប់ពីគាត់បានធ្វើការបង់ប្រាក់ធានានៅក្រៅឃុំ។
លក្ខខណ្ឌនៃការដោះលែង Alves រួមមានការប្រគល់លិខិតឆ្លងដែនប្រេស៊ីល និងអេស្ប៉ាញរបស់គាត់ ដូច្នេះគាត់មិនអាចចាកចេញពីអេស្ប៉ាញបានទេ។ គាត់ក៏ត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការជារៀងរាល់សប្តាហ៍ម្តង។
សូមបញ្ជាក់ថា Alves វ័យ ៤០ ឆ្នាំ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ចាប់តាំងពីខែមករា ឆ្នាំ២០២៣៕