លោក Gareth Southgate ត្រូវតែរៀបចំក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ បន្ទាប់ពីខ្សែការពារ Kyle Walker និង Harry Maguire ក៏ដូចជាអ្នកចាំទី Sam Johnstone បានដកខ្លួនចេញមុនការប្រកួតមិត្តភាពជាមួយបែលហ្សិក នៅថ្ងៃអង្គារ។
ខ្សែការពារ Kyle Walker និង Harry Maguire បានចូលរួមក្នុងការប្រកួតដែល អង់គ្លេសចាញ់ ប្រេស៊ីល ១-០ កាលពីថ្ងៃសៅរ៍ ហើយពួកគេនឹងត្រលប់ទៅក្លឹបវិញ ក៏ដូចជាអ្នកចាំទី Sam Johnstone របស់ Crystal Palace ផងដែរ។
តំណែងរបស់ពួកគេត្រូវជំនួសដោយមិត្តរួមក្រុម Manchester City របស់ Walker គឺ Rico Lewis និងអ្នកចាំទី James Trafford របស់ Burnley ក៏ត្រូវបានកោះហៅផងដែរ។
លោក Southgate កំពុងទន្ទឹងរង់ចាំក្នុងការទទួលស្វាគមន៍បែលហ្សិក មកកាន់កីឡដ្ឋាន Wembley បើទោះបីជាលទ្ធផលប្រកួតមិនដែលចាញ់ ១០ ប្រកួតរបស់ក្រុមតោកំណាចបានបញ្ចប់ដោយសារ ប្រេស៊ីល ក៏ដោយ ដែលកីឡាករ Endrick វ័យ ១៧ ឆ្នាំជាអ្នកស៊ុតបញ្ចូលទីបានសម្រេច៕