ក្រុមអ្នកសង្កេតការណ៍របស់ Manchester United បានធ្វើដំណើរទៅកាន់ប្រទេស Senegal ដើម្បីមើលតារាឆ្នើមរបស់ក្រុម Barcelona B គឺកីឡាករ Mikayil Faye។ ខ្សែការពារកណ្តាលវ័យ ១៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូង ទល់និង Gabon កាលពីថ្ងៃសុក្រ ដោយបានស៊ុតបញ្ចូលទីដ៏អស្ចារ្យ ដើម្បីជួយ Senegal ឈ្នះការប្រកួតមិត្តភាព ៣-០។
យោងតាមសារព័ត៌មានរបស់ប្រទេសអេស្ប៉ាញ Mundo Deportivo បានឱ្យដឹងថា មានអ្នកតំណាងរបស់ United នៅក្នុងការប្រកួតរវាង Senegal និង Gabon ដើម្បីមើលតារាវ័យក្មេងប្រកួត ដែលបានតាមដានអស់រយៈពេលជាច្រើនខែមកហើយ។
បិសាចក្រហមត្រូវបានរំពឹងថា នឹងបាត់បង់ Raphael Varane នៅរដូវក្តៅនេះ ដោយខ្សែការពារសញ្ជាតិបារាំងរូបនេះ នឹងត្រូវផុតកុងត្រាជាមួយក្លឹប។ Lisandro Martinez ក៏មានបញ្ហារបួសក្នុងរដូវកាលនេះ ខណៈដែល Victor Lindelof ក៏បាត់បង់ការពេញចិត្ត ក្រោមការដឹកនាំរបស់លោក Erik ten Hag ផងដែរ។
កត្តាខាងលើទាំងនេះ ទំនងជាបង្កើនចំណាប់អារម្មណ៍របស់ក្លឹបទៅលើ Faye ដោយគ្រូបង្វឹកសញ្ជាតិហូឡង់ ទំនងជាត្រូវការការពង្រឹងតំបន់ខ្សែការពារ។ Faye ក៏អាចលេងជាខ្សែការពារឆ្វេង កត្តាមួយទៀតដែល United ទំនងជាចង់គ្រប់គ្រងលើបញ្ហាសុខភាពរបស់ Luke Shaw ផងដែរ៕