Liverpool បានរួចផុតពីការប្រកួតដ៏តឹងតែងបំផុតទល់នឹង West Ham កាលពីចុងសប្តាហ៍មុននៅឯកីឡដ្ឋាន Anfield នៅពេលដែលមួយគ្រាប់របស់កីឡាករ សាឌីអូ ម៉ាណេ ជួយឱ្យហង្សក្រហមឈ្នះ ១-០។
ក្រុមហង្សក្រហមមានតែ ៦ ពិន្ទុប៉ុណ្ណោះដេញតាមពីក្រោមក្រុមមេឃខៀវ Manchester City ដែលឈរនៅលើកំពូលតារាង Premier League ដោយមានមួយប្រកួតក្នុងដៃ នេះមានន័យថា ការប្រជែងពានគឺបើកចំហ ខណៈសល់១០ប្រកួតទៀតនឹងចប់រដូវកាលនេះ។
កូនក្រុមរបស់លោក ជួហ្គិន ក្លប់ ក៏រវល់ផងដែរកាលពីពាក់កណ្តាលសប្តាហ៍ នៅពេលដែលពួកគេចាញ់ ០-១ នៅផ្ទះខ្លួនឯងក្រោមថ្វីដៃម្ចាស់ជើងឯកអ៊ីតាលី Inter Milan ក្នុងជំនួបជើងទីពីរនៃវគ្គ ១៦ ក្រុមចុងក្រោយក្នុង UEFA Champions League ។
ខណៈក្រុមហង្សក្រហមបានបង្ហាញទម្រង់លេងមិនសូវល្អទល់នឹងក្រុមអ៊ីតាលីដែលមានគ្នា១០នាក់ក្នុងឱកាសនោះ ក្រុម Liverpool នៅតែអាចឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយសារទទួលជ័យជម្នះ ០-២ ក្នុងជើងទីមួយនៅទឹកដីអ៊ីតាលី។
កូនក្រុមរបស់លោកក្លប់នឹងសម្លឹងបន្តជ័យជម្នះរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ នៅពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន The AMEX ដើម្បីតតាំងជាមួយក្រុមកំពុងធ្លាក់ជើង Brighton ក្នុងការប្រកួតជុំទី ២៩ ។
Brighton បានធ្លាក់មកឈរនៅលេខរៀងទី ១៣ ក្នុងតារាងលីក បន្ទាប់ពីចាញ់ការប្រកួតក្នុងលីក ៤ ដងជាប់ៗគ្នា។
បរាជ័យចុងក្រោយបំផុតបានកើតឡើងកាលពីប្រាំពីរថ្ងៃមុន នៅពេលដែលពួកគេរបូតគ្រាប់បាល់ភ្លាមៗ២គ្រាប់បើកឆាក ក្នុងបរាជ័យ ២-១ នៅទឹកដីរបស់ក្រុម Newcastle United ។
កូនក្រុមរបស់លោក ហ្គ្រាហាម ផុតធឺ បានស៊ុតបញ្ចូលទីបានតែមួយ១ប៉ុណ្ណោះក្នុងការប្រកួតលីកចំនួន ៤ លើកចុងក្រោយ ដោយរបូតវិញជាមធ្យម២គ្រាប់ក្នុងប្រកួតនីមួយៗ។
Liverpool តែងតែមានប្រវត្តិតឹងជាមួយ Brighton ដោយជួបគ្នា៤លើកចុងក្រោយហង្សក្រហមឈ្នះតែម្តងគត់។ ដោយហេតុនេះ យើងរំពឹងហង្សក្រហមយកឈ្នះថ្ងៃនេះ ប៉ុន្តែក្នុងលទ្ធផលប្រកៀកប្រកិត ២-១៕