Barcelona សង្ឃឹមអាចពង្រីកទម្រង់ប្រយុទ្ធដ៏អស្ចារ្យរបស់ពួកគេនៅយប់ថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមតួកគី Galatasaray ក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ ក្រុមចុងក្រោយនៃ UEFA Europa League នៅកីឡដ្ឋាន Camp Nou ។
ក្រុមអ្នកមានបុណ្យវិលត្រឡប់មកលេង Europa League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៤ ហើយពួកគេចូលលេងលើកនេះតាមស្ទីលមួយ ដែលធ្វើឱ្យគូប្រជែងខ្លាចញញើត។
កូនក្រុមរបស់លោកសាវីបានផ្តួល Napoli ២-៤ នៅក្រៅទឹកដីក្នុងការប្រកួតជើងទី២នៃការប្រកួតវគ្គ ៣២ ចុងក្រោយរបស់ពួកគេកាលពីពីរសប្តាហ៍មុននៅកីឡដ្ឋាន Stadio Diego Armando Maradona ។
ជាទូទៅពួកគេស៊ុតបាល់បញ្ចូលទីតាមអំពើចិត្ត ពោលគឺកីឡាករ Pierre-Emerick Aubameyang ដែលស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងការប្រកួត ៣ លើកចុងក្រោយសម្រាប់ក្រុមនៅតំបន់ Catalan មួយនេះ។
ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះបានស៊ុតបាល់បញ្ចូលទី៣គ្រាប់តែឯងក្នុងពេលយកឈ្នះ Valencia ១-៤ នៅកីឡដ្ឋាន Estadio de Mestalla។
ក្រោយទម្លាក់ក្រុមកំពូលតារាង Serie A Napoli រួចមក ពេលនេះ Barcelona នឹងក្លាយជាក្រុមរំពឹងទម្លាក់ Galatasaray ដែលកំពុងមានយុទ្ធនាការដ៏អន់បំផុតនៅក្របខ័ណ្ឌ Super Lig ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។
Galatasaray មានរដូវកាលដ៏ច្របូកច្របល់ជាទូទៅ។ ថ្មីៗនេះ ពួកគេបានចែកផ្លូវជាមួយវីរបុរសក្លិបគឺកីឡាករ Fatih Terim ខណៈដែលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Domenec Torrent ទទួលបន្ទុកដឹកនាំ។
Galatasaray ពិតជាបានកែលម្អទម្រង់លេងរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី ហើយពួកគេនឹងធ្វើដំណើរទៅកីឡដ្ឋាន Camp Nou ក្រោយឈ្នះជាប់ៗគ្នាជាច្រើនលើក។
ពួកគេបានស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់ក្នុងជ័យជម្នះលើ Goztepe (២-៣) និង Rizespor (៤-២) ។ ទោះជាយ៉ាងណាក៏ដោយ លោក Torrent ប្រាកដជាមានការព្រួយបារម្ភខ្លាំងនៅពេលនិយាយអំពីប្រព័ន្ធការពារទន់ជ្រាយរបស់គាត់នៅមុនពេលប៉ះជាមួយនឹងក្រុម Barcelona ដែលស៊ុតបាល់បញ្ចូលទីតាមទំនើងចិត្ត។
Barcelona ធ្លាប់ជួប Galatasaray ៤ ដងកាលពីជាង១ទសវត្សរ៍មុន ដោយឈ្នះ៣ស្មើ១។ ផ្អែកលើចំណុចនេះនិងទម្រង់លេងបច្ចុប្បន្នរំពឹងថា Barcelona ឈ្នះក្នុងលទ្ធផលព្យាករណ៍ ៣-០៕