ការប្រកួតនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញថ្ងៃសៅរ៍នេះ នឹងនាំមកនូវការប្រកួត El Clasico ជាលើកដំបូងក្នុងរដូវកាលនេះ ខណៈដែល Barcelona និង Real Madrid ត្រូវប៉ះគ្នានៅក្នុងកីឡដ្ឋាន Estadi Olímpic Lluís Companys ដោយក្រុមទាំងពីរ មានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។
Barcelona ដែលកំពុងឈរនៅលេខ៣ ក្នុងតារាង ជាក្លឹបតែមួយគត់ដែលមិនទាន់ស្គាល់ចាញ់ សម្រាប់ការប្រកួតក្នុងស្រុករដូវកាលថ្មីនេះ។ លទ្ធផលសរុបពីការលេង ១០ ប្រកួតរដូវកាលថ្មីនេះ Barcelona ឈ្នះ ៧ ប្រកួត និងស្មើ ៣ ប្រកួតដែលជ័យជម្នះទាំង ៧ ប្រកួតនេះមាន ៥ ប្រកួតជាការលេងនៅក្នុងទឹកដីខ្លួនឯង។
អ្វីដែលជាចំណុចសំខាន់បានបង្ហាញថា Barcelona ប្រកួតចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ២៤ ប្រកួតចុងក្រោយក្នុងទឹកដី ដោយឈ្នះមិនតិចជាង ២០ ប្រកួត ដែលរួមបញ្ចូលទាំងឈ្នះ Real Madrid ២-១ កាលពីពាក់កណ្តាលខែមីនាផងដែរ។
ចំណែកឯក្រុមភ្ញៀវ Real Madrid វិញ បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងក្នុងលីគ ដោយមានពិន្ទុស្មើគ្នាជាមួយក្រុមឈរលេខ២ Girona ប៉ុន្តែ Real Madrid មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។
Real Madrid ចាញ់តែ ១ ប្រកួតគត់មកទល់ពេលនេះ ប៉ុន្តែក្រុមរបស់លោក Carlo Ancelotti បច្ចុប្បន្នឈ្នះមិនតិចជាង ៨ ប្រកួតទេឆ្លងកាត់ពីការលេង ១០ ប្រកួតរដូវកាលថ្មីនេះ។
ការព្យាករណ៍ : ជំនួបនាពេលថ្មីៗនេះនៅក្នុងការប្រកួត El Clasico បានឱ្យឃើញថា Barcelona ជាជម្រើសជាទីពេញចិត្ត ដោយឈ្នះ Real Madrid ៦ ប្រកួតក្នុងចំណោមការជួបគ្នា ៨ ប្រកួតចុងក្រោយ។
ទម្រង់លេងរបស់ក្រុមទាំងពីរខ្លាំងដូចគ្នារហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះក្រុមទាំងពីរមើលទៅទំនងជានឹងរកគ្រាប់បាល់បាន ហើយអាចត្រឹមតែបញ្ចប់ការប្រកួតដោយស្មើគ្នា។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ ដោយក្រុមទាំងពីរមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា៕